មនុស្សគ្រប់គ្នា គឺមានសិទ្ធគ្រប់គ្រាន់ក្នុងការសម្រេចចិត្តផ្លាស់ប្ដូរជោគវាសនារបស់ខ្លួនឯងបាន តែអ្វីដែលជាបញ្ហាចោទនោះ តើអ្នកបានត្រៀមខ្លួនផ្លាស់ប្ដូរវាហើយឬនៅ? ឬក៏អ្នកកំពុងតែរស់នៅក្នុងក្ដីទុក្ខនៃភាពក្រីក្រ ភាពអាប់អួរនៃជីវិត ដោយមិនព្រមធ្វើសកម្មភាពផ្លាស់ប្ដូរខ្លួនឯង។
អតីតពលករកូរ៉េម្នាក់ លោកឆាន គឹមម៉េន បានខិតខំព្យាយាមកែច្នៃ និងអភិវឌ្ឍន៍ខ្លួនឯងអស់រយៈពេលជាយូរ រហូតដល់បច្ចុប្បន្ននេះ លោកជាស្ថាបនិកក្រុមហ៊ុន Anachak Hero Man Co.; Ltd ដែលរកស៊ីលើវិស័យអចលនទ្រព្យ។ ហើយលោកមានប្រសាសន៍ថា ទម្រាំទទួលបានភាពជោគជ័យមួយនេះ គឺផ្ដើមចេញពីធ្វើការឱ្យគេ និងមានឆន្ទៈបន្តទៅមុខទៀត ដោយគ្មានពាក្យថានឿយហត់។
តើអ្វីជាគន្លឹះដែលលោកអាចរំដោះខ្លួនពីការធ្វើជាពលករនៅកូរ៉េ រហូតអាចបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនបែបនេះ? ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗដែលជាជំហានដែលលោកបានចែករំលែក នៅក្នុងកម្មវិធីធ្វើឱ្យជីវិតកាន់តែជោគជ័យ ៖
១. ស្វ័យសិក្សាបន្ថែមពីការងារ
កន្លែងការងារគឺជាទីកន្លែងមួយដែលបង្រៀនអ្នកឱ្យចេះពីជំនាញថ្មី បទពិសោធន៍ថ្មី ដូច្នេះទោះបីជាធ្វើការឱ្យគេក៏ដោយ ក៏ត្រូវបណ្ដុះគំនិតខ្លួនឯងឱ្យចេះរៀនសូត្របន្ថែមពីកន្លែងការងារ។ មួយវិញទៀត ក្រោយពីសម្រាកពីការងារក៏ត្រូវមានពេលវេលាសម្រាប់អានសៀវភៅ ការស្រាវជ្រាវចូលរួមសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលផ្សេងៗដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនជានិច្ច។
២. រៀបចំផែនការឱ្យបានច្បាស់
លោកបានបន្តទៀតថា នៅពេលធ្វើការនៅកូរ៉េ គឺគេមានពេលវេលាកំណត់តាមកុងត្រាច្បាស់លាស់ដោយរយះកំណត់៤ឆ្នាំ១០ខែ ដូច្នេះ “ខ្ញុំបានលៃពេលវេលាខ្លះដើម្បីបង្វឹកខ្លួនឯង” ព្រោះថាយើងមិនអាចធ្វើការឱ្យគេរហូតបាននោះទេ ហើយត្រូវមានគំនិតក្នុងការកែប្រែខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ។លោកក៏បានគិតទៀតថា តើគួរតែរៀបចំផែនការសម្រាប់ខ្លួនឯងផ្ទាល់យ៉ាងដូចម្ដេច ក្រោយពីចប់កុងត្រារយៈពេល៤ឆ្នាំ១០ខែនៃការធ្វើការនៅប្រទេសកូរ៉េ? ហើយនៅពេលត្រឡប់ទៅប្រទេសកម្ពុជាវិញ តើគួរបើកអាជីវកម្មអ្វី?
៣. ចំណងទាក់ទង
ទំនាក់ទំនង គឺជាដើមទុនមួយដ៏មានសារៈសំខាន់សម្រាប់ការធ្វើអាជីវកម្មនាពេលខាងមុខ ព្រោះយើងអាចសហការចូលហ៊ុនគ្នា ជួយជ្រោមជ្រែងគ្នាទៅវិញទៅមកនៅពេលខាងមុខ ហេតុនេះត្រូវចេះបង្កើតភាពស្និតស្នាលជាមួយមនុស្សនៅជុំវិញខ្លួនឱ្យបានច្រើន ឬសិក្សាពីចំណុចល្អៗរបស់ពួកគេបន្ថែមទៀតឱ្យបានច្រើន ដើម្បីបំពេញចំណុចខ្វះខាតរបស់យើង ក៏ដូចបន្ថែមលើចំណុចខ្លាំងរបស់យើងឱ្យកាន់តែខ្លាំងជាងមុន។
៤. មានភាពសន្សំសំចៃ
ក្នុងចំណុចនេះ សំដៅលើការចេះរបៀបនៃការប្រើប្រាស់លុយ ដោយត្រូវចេះកំណត់ការចាយវាយឱ្យបានច្បាស់លាស់ មានការរៀបចំនូវតារាងចំណាយប្រចាំថ្ងៃឱ្យត្រឹមត្រូវ និងមានផែនការសន្សំ បែងចែកឱ្យច្បាស់រវាងតម្រូវការចាំបាច់និងចំណង់មុនពេលសម្រេចចិត្តចាយ។ការចេះសន្សំសំចៃនេះជាដើមទុនសម្រាប់ការរកស៊ីនៅពេលដែលត្រឡប់មកស្រុកខ្មែរវិញ។
៥. ចាប់យកឱកាស
ក្រោយពីឈប់ធ្វើជាពលករនៅកូរ៉េ ដោយអនុវត្តន៍តាមគន្លឹះ៤ខាងលើ បានធ្វើឱ្យលោកមានចំណេះជំនាញ និងចំណង់កាន់តែខ្លាំង គួបផ្សំនឹងមានដើមទុនក្នុងដៃទៀត ពេលនោះហើយដែលជាឱកាសមាសឱកាសប្រាក់សម្រាប់លោក ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ហើយសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនយ៉ាងមានទំនុកចិត្ត និងភាពជឿជាក់ខ្ពស់។
៦. មានឆន្ទៈខ្ពស់
ភាពជោគជ័យរបស់បុគ្គលម្នាក់ៗ គឺអាចកើតឡើងបាន លុះត្រាតែមានឆន្ទៈខ្ពស់ ពីព្រោះមនុស្សដែលមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ តែបើគ្មានឆន្ទៈទេ ច្បាស់ជាពិបាកជោគជ័យហើយ។ ដូច្នេះត្រូវចេះរៀនពីបទពិសោធន៍ មានភាពអត់ធ្មត់ តស៊ូព្យាយាម និងខាំមាត់សង្កត់ចិត្តគ្រប់បែបយ៉ាងពីមួយជំហានទៅមួយជំហាន អមជាមួយនឹងស្នាមញញឹម ទើបអាចធ្វើឱ្យក្ដីស្រមៃខ្លួនក្លាយជាការពិត។
អត្ថបទ៖ ខ រីណា