លោក អោម សេងបូរ៉ា ចាត់ទុកដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាស្នាដៃដ៏អស្ចារ្យរបស់រាជរដ្ឋាភិបាល

លោក អោម សេងបូរ៉ា ចាត់ទុកដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាស្នាដៃដ៏អស្ចារ្យរបស់រាជរដ្ឋាភិបាល

លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club និងជាគ្រូបង្វឹកម្ចាស់អាជីវកម្មធំជាងគេនៅប្រទេសកម្ពុជាចាត់ទុកដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាស្នាដៃដ៏អស្ចារ្យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការបង្ហាញនូវក្តីរីករាយ និងមោទនភាពរបស់គ្រូបង្វឹកម្ចាស់អាជីវកម្មកំពូលរូបនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសអំពីដំណឹងដ៏រីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ពីការចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។

ស្ថាបនិក CEO Master Club លោក អោម សេងបូរ៉ា បានលើកឡើងយ៉ាងដូច្នេះ៖ “ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំសូមសំដែងនូវសេចក្តីរំភេីបរីករាយ និងមោទនភាពដ៏ស្មោះអស់ពីដួងចិត្ត ជាមួយស្នាដៃដ៏អស្ចារ្យ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ចំពោះដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលទេីបត្រូវបានចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃតេលឋាន A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ”។

គ្រូបង្វឹកភាពជាអ្នកដឹកនាំធុរកិច្ចកំពូលរូបនេះបន្តថា ថ្ងៃដែលកម្ពុជាទទួលបានដំណក់ប្រេងលើកដំបូង ក៏គាប់ជួននឹងទិវាខួបអនុស្សាវរីយ៍លើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ដែលបានបង្កលក្ខណៈសម្បត្តិគ្រប់យ៉ាង ឱ្យកម្ពុជាមានដំណក់ប្រេងលើកដំបូងរបស់ខ្លួនផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិរបស់កម្ពុជាទាំងមូល។ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ថា ចំណូលថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។ ដោយឡែក ចំពោះដំណក់ប្រេងលើកដំបូងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ ដាក់នៅវិមានអនុស្សាវរីយ៍ “នយោបាយឈ្នះ-ឈ្នះ” ដើម្បីទុកជាការចងចាំមួយ ព្រោះដោយសារវិមានឈ្នះឈ្នះ និងកត្តាសុខសន្តិភាពទើបអាចបានមានសមិទ្ធផលថ្មីនេះបាន៕