តើគួរវិនិយោគលើអចលនទ្រព្យ ឬវិនិយោគលើទីផ្សារភាគហ៊ុន?

តើគួរវិនិយោគលើអចលនទ្រព្យ ឬវិនិយោគលើទីផ្សារភាគហ៊ុន?

បច្ចុប្បន្ននេះ យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើការវិនិយោគ។ នៅក្នុងការវិនិយោគនោះទៀតសោត គឺមានច្រើនវិធី ច្រើនរូបភាព ហើយថ្ងៃនេះសាលាអចលនទ្រព្យកម្ពុជា សូមណែនាំនូវការវិនិយោគពីរប្រភេទដើម្បីឱ្យបងប្អូនបានឈ្វេងយល់ គឺការវិនិយោគលើអចលនទ្រព្យ និងផ្សារភាគហ៊ុន។

លោក សុត វីរៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Homes Global Realty បានលើកឡើងក្នុងកម្មវិធី Estate Xchange Talk ថា៖ “ពាក់ព័ន្ធនឹងការទិញអចលនទ្រព្យ ចំណុចល្អមួយដែលអ្នកទាំងអស់គ្នាត្រូវដឹង គឺយើងមិនចាំចាច់ចំណាយដើម១០០%នៃតម្លៃអចលនទ្រព្យហ្នឹងទេ។ នៅក្រៅប្រទេសគេអាចកម្ចីពីធនាគារបានរហូតដល់៩០% មានន័យថាលុយដែលយើងដាក់ទៅហ្នឹងគឺត្រឹមតែ១០%ប៉ុណ្ណោះ ដូច្នេះហានិភ័យទៅលើ ១០% ធៀបទៅនឹងយើងវិនិយោគ១០០%គឺវាខុសគ្នា”។

អ្នកជំនាញវិស័យអចលនទ្រព្យរូបនេះបន្ថែមថា៖ “ចំណែកReturn on investment (ចំណូលពីការវិនិយោគ) ក៏យើងយកមកគណនាទៅលើថ្លៃដើមដែលយើងបានវិនិយោគហ្នឹងដែរ។  អ៊ីចឹងចំណូលពីការវិនិយោគគឺខ្ពស់ គ្រាន់តែថាចំណុចមួយដែលអចលនទ្រព្យជួបជាឧបសគ្គសម្រាប់អ្នកវិនិយោគ គឺមិនងាយបម្លែងជាសាច់ប្រាក់ក្នុងរយៈពេលខ្លី។ ចំណុចទាំងពីរនេះហើយដែលបងប្អូនត្រូវពិចារណាថាគួរវិនិយោគលើផ្សារភាគហ៊ុន ឬអចលនទ្រព្យ?”

ដោយឡែក លោក ស៊ាន ធធិន អគ្គនាយក CEO Master Club Investment Plc បានបន្ថែមថា៖ “រវាងអចលនទ្រព្យ និងផ្សារភាគមិនអាចនិយាយថាមួយណាល្អជាងមួយណាទេ ព្រោះវាជាជម្រើសនៃការវិនិយោគ។ បងប្អូនដែលចាប់អារម្មណ៍សុទ្ធតែសម្រេចចិត្តក្នុងការវិនិយោគហើយ មិនមែនថាមួយណាល្អផ្ដាច់ជាងមួយណាទេ វាអាស្រ័យទៅលើខ្លួនយើងដែលជាអ្នកវិនិយោគនេះហ៊ានទទួលយកហានិភ័យកម្រិតណា ហើយវាទទួលបានភាពសាកសមនៃលំហូរសាច់ប្រាក់របស់យើងកម្រិតណាដែរ អ៊ីចឹងត្រូវគិតថ្លឹងទាំងពីរ។ អ្នកជំនាញវិស័យវិនិយោគចាស់វស្សារូបនេះបន្តថា៖ “ជួនកាលខ្ញុំចង់ទៅវិនិយោគលើអចលនទ្រព្យដែរ ប៉ុន្តែខ្ញុំអត់មានចំណេះដឹងខាងហ្នឹង ឬសាច់ប្រាក់របស់ខ្ញុំអត់ដល់ ហើយខ្ញុំអត់អាចរង់ចាំរយៈពេលវែង អ៊ីចឹងខ្ញុំរៀងពិបាកបន្តិចដែរ ដូច្នេះខ្ញុំអាចវិនិយោគក្រោមរូបភាពផ្សេង។ ក៏ប៉ុន្តែអ្នកខ្លះគាត់ថារឿងស្តុក(ហ៊ុន)រឿងអីហ្នឹងគាត់អត់ដែលយល់ តែហាងឆេងវារាល់ថ្ងៃតើ អ៊ីចឹងបើយើងតាមដានផ្សារហ៊ុន យើងចង់លក់ចង់ដូរបាន ប៉ុន្តែតើយើងយល់កម្រិតណា? ហើយយើងហ៊ានទទួលយកហានិភ័យហ្នឹងប៉ុន្មាននៅក្នុងការខាតបង់ និងការចំណេញលើអាហ្នឹងដែរ។ ហេតុនេះវាអាស្រ័យទៅលើជម្រើសរបស់អ្នកវិនិយោគខ្លួនឯង”។

លោកបន្តថា៖ “ជាការពិតមួយត្រង់ថា បើយើងច្បាស់ យើងមានបណ្ដាញ យើងមានអ្នកប្រឹក្សាច្បាស់លាស់លើវិស័យអចលនទ្រព្យ ហើយយើងគិតទៅលើស្ថានភាពបច្ចុប្បន្ន និងបណ្ដាប្រទេសផ្សេងៗ ដូចដែលខ្ញុំធ្លាប់ពិសោធន៍ និងធ្វើដំណើរទៅស្រុកគេដែរ វិស័យអចលនទ្រព្យបើយើងរំពឹងចង់វិនិយោគរយៈពេលមធ្យម និងរយៈពេលវែង គ្មានអ្វីល្អជាងការវិនិយោគលើវិស័យអចលនទ្រព្យទេ”។

ជារួមមកវិញ ការវិនិយោគលើវិស័យអចលនទ្រព្យ និងការវិនិយោគលើផ្សារភាគហ៊ុនសុទ្ធតែល្អដូចគ្នា គ្រាន់តែត្រូវគិតលើមូលដ្ឋានគ្រឹះ និងចំណេះដឹងនៅក្នុងវិស័យដែលអ្នកកំពុងតែវិនិយោគ។ ចង់ដឹងព័ត៌មានលម្អិត សូមតាមដានការLive ផ្ទាល់នៅក្នុងកម្មវិធី Estate Xchange Talk លើហ្វេសប៊ុកផេក ផ្សារអចលនទ្រព្យ Estate Xchange និងផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុកផេក CEO Master Club, CEO Master Club Investment, CEO Institute, Real Estate School, អ្នកបន្តវេន, Learn Online Cambodia, Fast Zone Mall, Om Seng Bora ចាប់ពីម៉ោង ១១-១២ ថ្ងៃត្រង់ជារៀងរាល់ថ្ងៃ៕

អត្ថបទ៖ កញ្ញា សយ ចាន់ដេង

មានលុយ​ តើគួរ​ធ្វើអ្វី​ខ្លះ?