តិចនិកឡាយលក់ឱ្យដាច់

តិចនិកឡាយលក់ឱ្យដាច់

បច្ចុប្បន្ននេះ នៅក្នុងវិស័យ Online កំពុងរីកដុះដាលដូចផ្សិតអ៊ីចឹង ដោយមានអ្នកលក់ជាច្រើននៅលើបណ្ដាញសង្គម។ អ្នកលក់ទាំងនោះ សុទ្ធតែមានតិចនិកក្នុងការលក់រៀងៗខ្លួន ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកខ្លះលក់ដាច់ និងអ្នកខ្លះលក់មិនដាច់។ ហេតុនេះហើយ តើត្រូវធ្វើបែបណា ទើបឱ្យអ្នកលក់ទាំងអស់នៅក្នុងវិស័យ Online នេះ ប្រើយុទ្ធសាស្រ្ត Live លក់ដាច់ និងមានអ្នកមើលបានច្រើន?

ក្នុងនេះដែរលោកស្រី សៀង សុវណ្ណារី ហៅក្រៅ យូ លីណា ជាអគ្គនាយិកា Brand R Co.;Ltd បានបង្ហើបនូវតិចនិកសំខាន់ៗដើម្បីឱ្យការ Live លក់មានប្រសិទ្ធភាព និងមានភាពស្ទាត់ជំនាញ ព្រមទាំងទទួលបានការលក់ដាច់ច្រើនជាងមុនទ្វេដង នៅក្នុងកម្មវិធី ធ្វើឱ្យជីវិតកាន់តែជោគជ័យ។ តិចនិកនោះ រួមមាន៖

១. បង្កើត Account ឬ Facebook Page ច្បាស់លាស់

ត្រូវមានការបង្កើត Account ឬក៏ Facebook Pageឱ្យបានច្បាស់លាស់ ដោយមានការដាក់រូបខ្លួនឯងផ្ទាល់ (កុំដាក់រូបផ្ដេសផ្ដាស) ដើម្បីបង្កើនភាពទុកចិត្តពីអតិថិជន។

២. ផលិតផលមានគុណភាពពិតៗ

ផលិតផលលក់ ត្រូវតែជ្រើសរើសឱ្យបានត្រឹមត្រូវ និងមានគុណភាព ដោយមានស្តង់ដារ និងមានម្ចាស់ក្រុមហ៊ុនច្បាស់លាស់ ចៀសវាងការលក់ឥវ៉ាន់ដែលគ្មានស្តង់ដារត្រឹមត្រូវ។ មួយវិញទៀត មិនមែនចេះតែលក់យកចំណេញដោយមិនគិតពីអ្នកប្រើប្រាស់នោះទេ និងក៏មិនមែនឃើញគេលក់ដាច់យើងចេះតែចង់លក់តាមគេនោះដែរ។

៣. ចាប់ផ្ដើមឡាយលក់ទោះបីជាមិនធ្លាប់ពីមុនក៏ដោយ

ក្នុងចំណុចនេះ អ្នកត្រូវតែមានភាពក្លាហាន និងមានការព្យាយាមអត់ធ្មត់ក្នុងការឡាយហើយអ្វីដែលសំខាន់ក្នុងការឡាយដំបូង គឺត្រូវចេះបង្ហាញខ្លួនឯងជាមុនសិន។ និយាយរឿងពិតរបស់ខ្លួនឯងផ្ទាល់ ចែករំលែកចំណេះដឹងបែបអប់រំល្អៗ គំនិតអប់រំ គំនិតវិជ្ជមានទៅឱ្យអ្នកកំពុងតែមើលបានយល់ដឹង ។ ហើយក៏អាចចេះនិយាយបែបកំប្លុកកំប្លែង សសេរប្រធានបទបែបកន្រ្តាក់អារម្មណ៍ ដើម្បីទាក់ទាញអ្នកចូលមើលក្នុងការឡាយឱ្យបានច្រើន។ បន្ថែមពីនេះ នៅក្នុងនោះតែងតែមានអ្នកចូលចិត្ត អ្នកមិនចូលចិត្ត អ្នកអាណិតស្រលាញ់ឬស្អប់ ក៏ប៉ុន្តែត្រូវប្រាប់ខ្លួនឯងថាយើងជាមនុស្សរបស់មហាជន និងទទួលយកគ្រប់ចំណុចទាំងអស់នោះ។ ម្យ៉ាងវិញទៀតវីដេអូដែលផុសធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បុគ្គលផ្សេង និងកុំជាន់ពន្លិចឬបង្អាប់បង្ខូចអ្នកដទៃ ដើម្បីផលប្រយោជន៍របស់ខ្លួនឯង និងកុំលាយឡំ ឬប្រៀបធៀបផលិតផលខ្លួនជាមួយនឹងអ្នកផ្សេងឱ្យសោះ។

ទទ្ទឹមនឹងនេះ យើងក៏គួររៀនពីតិចនិកពីអ្នកលក់អនឡាញដទៃទៀតដែរ ថាគេឡាយបែបណា ទើបធ្វើឱ្យមានអ្នកមើលច្រើន ហើយគេឡាយបែបណាដើម្បីទាក់ទាញឱ្យមានអតិថិជនគាំទ្រកាន់តែច្រើន ហើយគេបង្កើតវីដេអូបែបណាធ្វើឱ្យអ្នកចូលមើលកាន់តែច្រើន។ 

៤. ត្រៀមខ្លួនបានរួចរាល់មុនពេលឡាយ

មុនពេលឡាយត្រូវតាំងសមាធិសម្រួលអារម្មណ៍ឱ្យបានល្អ ជឿជាក់លើសមត្ថភាពខ្លួនឯង គួរសរសេរបែបផែនមុននឹងឡាយ រៀបចំខ្លួនឱ្យបានស្អាតសមស្របទៅនឹងប្រធានបទរៀបចំទីតាំងឡាយឱ្យបានស្អាត ជាពិសេស Background ពេលឡាយ (កន្លែងដែលស្ងប់ស្ងាត់) និយាយស្ដីឱ្យពិរោះពិសា កុំមានលេសច្រើនចំពោះខ្លួនឯងដោយថាថ្ងៃនេះមិនឡាយចាំថ្ងៃស្អែកចាំឡាយ មានលេសនេះលេសនោះ(កុំប្រើពាក្យថាចាំសិន) បើថាធ្វើអ្វីហើយត្រូវសម្រេចចិត្តធ្វើឱ្យបានច្បាស់ និងធ្វើភ្លាមៗ។

៥. ជ្រើសរើសពេលវេលាត្រូវដើម្បីឡាយ

ត្រូវជ្រើសរើសពេលវេលាឡាយឱ្យបានត្រឹមត្រូវ ហើយយើងត្រូវផ្ដោតសំខាន់ទៅលើមនុស្សស្រី ព្រោះគាត់មានពេលវេលាច្រើនជាងមនុស្សប្រុស។ ចំពោះពេលវេលានេះដែរ យើងចេះលកលៃថា តើពេលណាគេរវល់ ហើយពេលណាគេទំនេរ? ហើយពីម៉ោងប៉ុន្មានទៅម៉ោងប៉ុន្មានដែលមានអ្នកមនុស្សច្រើន ឬមានអតិថិជនគោលដៅច្រើន ដែលចូលមកមើលឡាយរបស់យើង? កាលណា ជ្រើសរើសពេលវេលាក្នុងការឡាយត្រូវ ទើបលក់ដាច់បានច្រើន ជាងអ្នកដែលចេះតែ ឡាយ មិនត្រូវេពេលវេលាហើយឡាយតែពេលណាដែលគ្មានអ្នកទំនេរ ឬគ្មានអ្នកមើល។

៦. មានប្រមូលសិនពិសេស

ពេលឡាយលក់ ក៏ត្រូវធ្វើការប្រមូលសិន ថែមរបស់ណាដែលមានគុណភាពអាចប្រើប្រាស់បាន ពេលនោះទើបអាចចងចាំអ្នកមើលឱ្យមានចំនួនច្រើនបានទ្វេដង។ ហើយក៏ត្រូវចងចាំថា ការប្រមូលសិនត្រូវមានពេលកំណត់ឱ្យបានច្បាស់លាស់ ដោយពេលណាត្រូវប្រមូលសិន និងពេលណាបញ្ចប់ការប្រមូលសិន តែបើយើងគិតតែប្រមូលសិនរហូតឥតឈប់ឈរ នោះអាចធ្វើឱ្យគុណតម្លៃនៃផលិតផលរបស់យើងអាចបាត់បង់ទំនុកចិត្តពីអតិថិជន ហើយក៏ធ្លាក់នូវការតាមដានការឡាយរបស់យើងដែរ។

អត្ថបទ៖ ខ រីណា