មូលនិធិជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំយកអំណោយជូនពលរដ្ឋប្រមាណ៣០០០គ្រួសារ

មូលនិធិជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំយកអំណោយជូនពលរដ្ឋប្រមាណ៣០០០គ្រួសារ

ខេត្តពោធិ៍សាត់៖ ស្ថាបនិក CEO Master Club លោក អោម សេងបូរ៉ា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំយកអំណោយគ្រឿងបរិភោគនិងឧបភោគនៃមូលនិធិសប្បុរសធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលបានសហការរៀបចំដោយ គ្រួសារសមាជិក CEO Master Clubនិងក្រុមហ៊ុនសម្រស់ធម្មជាតិ ចែកជូនប្រជាពលរដ្ឋកំពុងរងគ្រោះក្នុងខេត្តពោធិ៍សាត់ ប្រមាណ ៣,០០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ១០គីឡូក្រាម, ភួយ១, ត្រីខ ១០កំប៉ុង និង មី១កេស។

ក្នុងជំនួបជាមួយសប្បុរសជន ដែលបាននាំយកអំណោយនិងថវិកាទៅប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចែកជូនដល់ពលរដ្ឋរងគ្រោះនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍សំណេះសំណាលនិងជម្រាបជូនអំពីភូមិសាស្ត្រនិងសក្តានុពលរបស់ខេត្ត ព្រមទាំងផែនការយុទ្ធសាស្ត្រទប់ទល់នឹងគ្រោះទឹកជំនន់ដែលបាននឹងកំពុងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិនិងផ្ទះសំបែងពលរដ្ឋក្នុងខេត្តរាប់ពាន់គ្រួសារផងដែរ។

មុននឹងបញ្ចប់ជំនួបនិងបន្តចុះផ្ទាល់ចែកអំណោយដល់ពលរដ្ឋរងគ្រោះនេះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណនិងផ្តល់ជូនលិខិតថ្លែងអំណរគុណ ចំពោះ CEO Master Club និងក្រុមគ្រួសារសមាជិក ក្រុមហ៊ុនសម្រស់ធម្មជាតិ ព្រមទាំងសប្បុរជនជាច្រើនរូបទៀត ដែលបានឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នៅសាលាខេត្តពោធិ៍សាត់ ។

ជាការឆ្លើយតបលោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានមានប្រសាសន៍ដូច្នេះថា៖ “រីករាយណាស់ដែលបាននាំមូលនិធិសប្បុរសធម៌របស់សមាជិកគ្រួសារ CEO Master Club និង ក្រុមហ៊ុនសម្រស់ធម្មជាតិ ជូនឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ អរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួម!”។

សូមបញ្ជាប់ថា មូលនិធិជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ គឺជាបេសកកម្មដ៌ក្លៀវក្លា និងឆ្លើយតបនឹងស្ថានការណ៍ភ្លាមៗរបស់ក្រុមគ្រួសារសមាជិក CEO Master Club ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋបាលភិបាលកម្ពុជានិងអាជ្ញាធរដែនដី ដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំនន់ទឹកភ្លៀងនេះ រហូតត្រូវបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួនទៅស្នាក់នៅទីទួលសុវត្ថិភាពបណ្តោះអាសន្ន៕ -ប៊ី សារី